ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា
វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីក្រសួងយុត្តិធម៌ និងទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជាមួយនឹងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមការសហការដឹកនាំរបស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និង ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រមទាំង ឯកឧត្តម និងលោកជំទាវ ដែលជាតំណាងគណៈកម្មការនានា នៃរដ្ឋសភា។
ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិនេះ ហើយសេចក្តីព្រាងច្បាប់នេះនឹងដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ។









Post a Comment