បទ «អរគុណសន្តិភាព» បង្កើត និងនិពន្ធ ដោយអ្នកលេងបណ្តាញសង្គមម្នាក់ ផ្ទុះការគាំទ្រខ្លាំង (មានវីដេអូ)
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនប្រើប្រាស់បណ្តាញសង្គមជាច្រើននាំគ្នាចាប់អារម្មណ៍ទៅលើបុរសម្នាក់បានតាក់តែងបទចម្រៀងមួយបទក្រោមចំណងជើងថា «អរគុណសន្តិភាព» ដែលជាស្នាដៃទី១របស់លោក ហើយអ្វីដែលសំខាន់ទៀតនោះ បុរសរូបនេះ គឺមិនមែនជាតារាចម្រៀងអាជីពអ្វីនោះទេ។
ប្រាកដណាស់ ក្រោយពីបទនេះបានផលិតឡើង ប្រិយមិត្តច្បាស់ជាចង់ដឹងហើយថា តើបុរសរូបនេះជានរណា? តើមូលហេតុអ្វីបានជាគាត់ចំណាយពេលផលិតបទចម្រៀងមួយនេះ? តើបទមួយនេះ លោកយល់ឃើញថាយ៉ាងណា? ជាពិសេស តើលោកនឹងមានអ្វីចែករំលែកខ្លះពីការតែងនិពន្ធរបស់លោក?
តាមរយៈបទសម្ភាន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក នន ពិភេទ ដែលជាអ្នកតាក់តែងបទ «អរគុណសន្តិភាព» នេះឡើង បានឱ្យដឹងថា «រូបលោកមិនមែនជាអ្នកចម្រៀង ឬអ្នកនិពន្ធបទចម្រៀងអាជីពនោះទេ គ្រាន់តែលោកជាសហគ្រិនមួយរូបដែលចូលចិត្តការតែងនិពន្ធតែប៉ុណ្ណោះ»។
នៅពេលសាកសួរថា តើអ្វីដែលជម្រុញឱ្យលោកសម្រេចចិត្តតាក់តែងបទចម្រៀងនេះឡើងនោះ?
លោក នន ពិភេទ បានឱ្យដឹងថា «ការពិតលោកយល់ឃើញថា ស្រុកទេសនាពេលបច្ចុប្បន្ន ទទួលបានសុខសាន្តត្រាណ ក្រោយម្លប់ដ៏ត្រជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ម្ល៉េះហើយទើបបានជាលោកតាក់តែងបទមួយនេះ ហើយការដែលទទួលបាននៅការគាំទ្រយ៉ាងច្រើននេះ លោកក៏ពុំនឹងស្មានដល់នោះឡើយ»។
លោក ពិភេទ ដែលមានវ័យ៤៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បានបន្តថា «ការតែងនិពន្ធពិតជាសំខាន់ ជាពិសេសគឺយុវជនតែម្តង ដោយការដែលអាចតែងនិពន្ធទៅបាន លុះត្រាតែយុវជន ពូកែអាន ស្តាប់ និងសរសេរ ទើបអាចនិពន្ធបាន។ ក្នុងនោះដែរ លោកក៏ជំរុញលើកទឹកចិត្តដល់កុមារ ត្រូវអាន សរសេរ ស្តាប់អោយបានច្រើន ព្រោះវាជាផ្នែកមួយដ៏ធំដែលទាក់ទងនឹងការតែងនិពន្ធផងដែរ»។
លោកបន្តថា «កាលពីកុមារភាព លោកជាមនុស្សម្នាក់ដែលចូលចិត្តការអាន ការតែងនិពន្ធ ការសរសេរកំណាព្យ ដូច្នេះលោកយល់ឃើញថាល្អ ហើយវាក៏ជាការដុះខាត់ខួរក្បាលរបស់ខ្លួនឯងផងដែរ។ ដូច្នេះយើងពង្រឹងការអានអោយបានច្រើន ទើបមានគំនិតល្អនក្នុងការតាក់តែងនៅកំណាព្យ ឬបទចម្រៀង»។
លោក នន ពិភេទ ដែលចូលចិត្តតាក់តែងចម្រៀងបានបន្តថា «នេះជាបទទី១ ដែលលោកបានបង្កើត ដោយបទ «អរគុណសន្តិភាព»នេះ លោកបានចំណាយពេល៣សប្តាហ៍ក្នុងការធ្វើវា ហើយជាចំណងដៃមួយដែលលោករស់ក្រោមម្លប់សុខសន្តិភាព របស់សម្តេចពុក»។ លោកបន្តថា «ការតែងនិពន្ធត្រូវដាក់អារម្មណ៍មនោសញ្ចេតនា ជាពិសេសនោះគឺការរៀបរាប់អោយចេញជារូបភាព ទើបបទមួយនោះ ទទួលបានការគាំទ្រខ្លាំង»។
ជាចុងក្រោយ លោក នន ពិភេទ ដែលជាអ្នកដែលចូលចិត្តការតាក់តែងចម្រៀងពិតជាអរគុណខ្លាំងណាស់ ចំពោះមហាជនដែលបានគាំទ្រស្នាដៃរបស់លោក ដោយការគាំទ្ររបស់ពុកម៉ែបងប្អូននេះហើយ អាចអោយលោកមានទឹកចិត្តបន្តទៀត ដើម្បីធ្វើ និងបម្រើដល់អារម្មណ៍របស់ទស្សនិជនផងដែរ៕
Post a Comment