សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងពិធី​ “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិន ត្រកូលលីន ពិភពលោក”​ ។


 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈព្រឹតិ្តការណ៍មហាសន្និបាតត្រកូលលីនពិភពលោក នឹងមានការប្រាស្រ័យទាក់ទងគ្នា ដែលបង្កើតបាននូវការរួមបញ្ចូលគ្នា និងការតភ្ជាប់រវាងធុរកិច្ច និងធុរកិច្ច និងបានស្វាគមន៍ចំពោះការវិលត្រលប់មកកម្ពុជាជាថ្មីទៀត នាពេលខាងមុខ


នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ញើញជាអធិបតីក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក។ 


មានប្រសាសន៍ក្នុងឱកាសពិធីដ៏អធិកអធមនោះ សម្តេចបវរធិបតី បានលើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានជាអាទិ៍៖ 

ទី១. ប្រទេសកម្ពុជាបានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូលដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។ 

ទី២. កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI។

ទី៣. កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងវិនិយោគ។ ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ។ 

ទី៤. កម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការផ្តល់ជូនលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគទៅកាន់តំបន់ផ្សេងទៀតលើនៃពិភពលោក។ 

ទី៥.កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ។ ប្រទេសកម្ពុជា បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ នេះធានាថាកម្ពុជាមានសមត្ថភាពក្នុងការផ្តល់ជូនអាជីវកម្ម នូវកម្លាំងពលកម្មដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការ ។

ទី៦. កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយកម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់។ ចំណែកឯ សេដ្ឋកិច្ចបៃតង និងឌីជីថល ជាតំបន់ថ្មី និងជាអាទិភាពថ្មីរបស់រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពលប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។


ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈព្រឹតិ្តការណ៍នេះនឹងមានការប្រាស្រ័យទាក់ទងគ្នា ដែលបង្កើតបាននូវការរួមបញ្ចូលគ្នា និងការតភ្ជាប់គ្នារវាងធុរកិច្ច និងធុរកិច្ច ព្រមនិងបានស្វាគមន៍ចំពោះការវិលត្រលប់មកកម្ពុជាជាថ្មីទៀត នាពេលខាងមុខ ៕

Theme images by Radius Images. Powered by Blogger.