ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
(ភ្នំពេញ)៖ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងក្រុមការងាររៀបចំប្រទីប បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដេីម្បីពិនិត្យមើលវឌ្ឍនភាព ការងារតុបតែងលម្អ និងបណ្តែតប្រទីបសាកល្បង ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អរំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖
ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅកណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំណែក “រូបមនុស្ស ប្រុសស្រីក្នុងឯកសណ្ឋានជាអធិការការងារ” តំណាងឱ្យការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការងារនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅរក្សាឱ្យបាននូវលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារប្រសើរ និងការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។
ទី២/ អក្សរ “TVET” តំណាងឱ្យការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធានាដល់ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មឱ្យមានជំនាញដោយធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តន៍យ៉ាងរហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។ “អក្សរ ១,៥លាន(មួយលានប្រាំសែន)” តំណាងឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ទី៣/ រូបប័ណ្ណ ប.ស.ស. តំណាងឱ្យអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលផ្តល់ជូនបងប្អូនកម្មករនិយោជិត មន្ត្រីរាជការសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
Post a Comment