សម្ដេចធិបតី និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល

ភ្នំពេញ÷ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក​ លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បានអបអរសាទរចំពោះ​ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd  លោក​ ​លាំង ហ័រ ក៏បានគោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​

ជាការឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូក្រុមហ៊ុន និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ដែលសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ សម្ដេចអធិបតី​ សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់​កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អ​ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និង​លើកទឹកចិត្តឱ្យ​មានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។ សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃ​សុខសន្ដិភាព និង​ស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើន​ទំនុកចិត្តដល់វិនិយោគិន​នៅកម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ គឺមានសារៈសំខាន់ណាស់ ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការ​រួម​គ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យ​កាន់តែរីកចម្រើនថែមទៀត ហើយ​ក៏បាន​​ស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ​ការវិនិយោគលើ​បច្ចេកវិទ្យាថ្មីៗ និង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើម ។

សម្ដេចធិបតី និង ​​លោក​ លាំង ហ័រ ក៏​បានពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើ​ការ​បណ្ដុះបណ្ដាល​ជំនាញនេះ ដោយចាប់ផ្តើម​ពីកម្រិតបឋមសិក្សា​​ រហូត​ដល់កម្រិត​សាកល​វិទ្យាល័យ ​​។ ​កន្លង​មកនេះ ​ក្រុមហ៊ុន​ Huawei Technology Co., Ltd ក៏​បាន​សហការ​ជាមួយ​ដៃគូ នៅតាមសាកលវិទ្យាល័យ​មួយចំនួននៅកម្ពុជា​ ​លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ​វិស័យ​ឌីជីថលផងដែរ​ ។

មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារ​ជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់ លោក លាំង ហ័រ បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕


Theme images by Radius Images. Powered by Blogger.