ឥណ្ឌូណេស៊ីចាប់ខ្លួនក្រុមជីហាតអ៊ីស្លាម៥៩នាក់ ដែលរៀបគម្រោងធ្វើភេរវកម្មក្នុងពេលបោះឆ្នោត
ឥណ្ឌូណេស៊ី៖ នៅថ្ងៃអង្គារទី៣១តុលា សមត្ថកិច្ចឥណ្ឌូណេស៊ី បានប្រកាសឲ្យដឹងថា គេបានចាប់ឃាត់ខ្លួនមនុស្សចំនួន៥៩នាក់ ដែលសុទ្ធតែជាសមាជិកក្រុមជីហាតអ៊ីស្លាមជ្រុលនិយម។ សមត្ថកិច្ចឥណ្ឌូណេស៊ី អះអាងថាជនសង្ស័យទាំងនេះ មានគម្រោងផែនការ ធ្វើភេរវកម្មបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស នៅក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី នៅខែកុម្ភៈឆ្នាំក្រោយ។
ផ្អែកតាមការបញ្ជាក់ ពីលោក Aswin Serigar អ្នកនាំពាក្យនគរបាលបង្ក្រាបភេរវកម្មឥណ្ឌូណេស៊ី គឺជនសង្ស័យទាំង៥៩នាក់ ត្រូវបានចាប់ខ្លួនកាលពីដើមខែតុលា។ សមត្ថកិច្ចបានប្រមូលបាននូវសម្ភារៈជាច្រើន មានដូចជាអាវុធ សម្ភារៈផលិតផ្សព្វផ្សាយការឃោសនា ព្រមទាំងសម្ភារៈដើម្បីផលិតគ្រាប់ផ្ទុះផងដែរ។
ក្នុងចំណោមជនសង្ស័យដែលគេចាប់ខ្លួនបាន គឺមាន៤០នាក់ជាសមាជិករបស់ចលនា Jamaah Ansharud Daulah (JAD)។ ចលនាអ៊ីស្លាមនេះ បានលេចមុខឡើងនៅរវាងឆ្នាំ២០១៥ នៅឥណ្ឌូណេស៊ី ហើយមានទំនោរគាំទ្រក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ចំណែកជនសង្ស័យ១៩នាក់ទៀត គឺជាសមាជិករបស់ក្រុម Jamaah Islamiyah ដែលមានទំនោរដើរតាមក្រុមអាល់កៃដា។
យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចឥណ្ឌូណេស៊ី ក្រុមជីហាត JAD មានគម្រោងវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ ទៅលើសមត្ថកិច្ចការពារសន្តិសុខ ក្នុងអំឡុងពេលឃោសនាការបោះឆ្នោតខាងមុខ។ ក្រុមជីហាតអ៊ីស្លាមនេះ ចាត់ទុកការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យ ថាជារឿងមិនត្រឹមត្រូវ។ ផ្អែកតាមសមត្ថកិច្ចឥណ្ឌូណេស៊ី កន្លងមកក្រុមជីហាតអ៊ីស្លាម Jamaah Ansharud Daulah ធ្លាប់បានធ្វើសកម្មភាពភេរវកម្មច្រើនដងហើយ ជាក់ស្តែងនៅឆ្នាំ២០១៨ ដែលក្រុមនេះបានវាយប្រហារទៅលើវិហារកាតូលិក ព្រមទាំងទីតាំងបញ្ជាការដ្ឋាននគរបាល នៅទីក្រុងស៊ូរ៉ាបាយ៉ា ទីក្រុងធំទី២របស់ឥណ្ឌូណេស៊ី។ សមត្ថកិច្ចឥណ្ឌូណេស៊ីក៏ធ្លាប់បានចុះចាប់សមាជិកក្រុមនេះ ច្រើនដងមកហើយដែរ។
ដោយឡែក ក្រុមជីហាត Jamaah Islamiyah ត្រូវគេស្គាល់ថា គឺជាម្ចាស់ស្នាដៃភេរវកម្មដ៏សាហាវ នៅកោះបាលី កាលពីឆ្នាំ២០០២។ ការវាយប្រហារដែលបានផ្តាច់ជីវិតមនុស្ស ២០២នាក់ ក្នុងនោះមានអ្នកទេសចរណ៍ជនជាតិអូស្ត្រាលីជាច្រើននាក់។ កាលពីខែមិថុនាឆ្នាំ២០២២ សមត្ថកិច្ចឥណ្ឌូណេស៊ី បានចាប់ខ្លួនមេក្រុមជីហាតដ៏សំខាន់ម្នាក់ ឈ្មោះ Abdul Qadir Hasan Baraja។ ជននេះត្រូវគេស្គាល់ថា ជាអ្នកផ្សព្វផ្សាយ ឃោសនាឲ្យប្រជាជនឥណ្ឌូណេស៊ីរើបំរះ ផ្តួលរំលំសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីបង្កើតរដ្ឋអ៊ីស្លាមផ្តាច់ការ។
គួរបញ្ជាក់ដែរថា ឥណ្ឌូណេស៊ីដែលមានប្រជាជនប្រមាណ ២៧៤លាននាក់ គឺជាប្រទេសឥស្លាម ធំជាងគេបង្អស់ក្នុងពិភពលោក។ តែយ៉ាងណា រដ្ឋាភិបាលឥណ្ឌូណេស៊ីអះអាងថា របបនយោបាយឥណ្ឌូណេស៊ី ជាសាធារណរដ្ឋមិនប្រកាន់សាសនាណាមួយ ពោលគឺបើកទូលាយ ដល់ការគោរពសាសនាផ្សេងៗទាំងអស់ ទោះមិនមែនជាសាសនាអ៊ីស្លាម៕
Post a Comment