ចិន និងអូស្រ្តាលី យល់ស្របគ្នាបំភ្លេចចោល​ នូវ​​​បញ្ហាក្នុងអតីតកាល

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានទទួលជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី អង់តូនី អាល់បានេស នៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទទី៦វិច្ឆិកា។ ទស្សនកិច្ចនៅចិន របស់​លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺជាកាយវិការចង់ស្តារទំនាក់ទំនងឲ្យល្អឡើងវិញជាមួយចិន បន្ទាប់ពី​បានរកាំរកូស​មានវិវាទការទូត និងពាណិជ្ជកម្មនឹងគ្នាតាំងពីឆ្នាំ​២០១៦​មក​។ ក្នុងពេលជួបគ្នា លោក​ស៊ី ជីនពីង និង​លោក​អង់តូនី អាល់បានេស បានសន្យារួមគ្នាថា នឹងបំភ្លេចចោលបញ្ហាក្នុងអតីតកាល ហើយចាប់ផ្តើមបើកទំព័រថ្មីនៃចំណងសហប្រតិបត្តិការ​។

លោក​ស៊ី ជីនពីង បានថ្លែងទៅកាន់​លោក​អង់តូនី អាល់បានេស ថា “ទំនាក់ទំនងដែលស្អាតបរិសុទ្ធ និងមានភាពនឹងនជាមួយអូស្ត្រាលី និងផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសទាំងសងខាង។ ចំណែក​លោក នាយករដ្ឋមន្ត្រីអូស្រ្តាលី បានថ្លែងទៅវិញថា ទំនាក់ទំនងពាណិជ្ជកម្ម​ដែលបើកចំហរទូលាយ នឹងផ្តល់អត្ថប្រយោជន៍​ដល់ប្រទេសទាំង​២។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិន បានចុះដុនដាបជាបន្តបន្ទាប់ ប្រមាណ​ជិត​១០ឆ្នាំចុងក្រោយនេះ។ ក្រៅពីបាន​ចោទថាចិនមានចេតនាប្រើឥទ្ធិពលអាក្រក់ មកលើមន្ត្រីរដ្ឋាភិបាលអូស្រ្តាលី អូស្រ្តាលីបានបណ្តេញក្រុមហ៊ុន​Huawei ឲ្យចេញពីទីផ្សារបណ្តញ​5G នៅ​អូស្រ្តាលី។ បញ្ហាកាន់តែធ្ងន់នៅពេលអតីតរដ្ឋាភិបាលអូស្រ្តាលីមុន ទាមទារឲ្យស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ ស្តីពីប្រភព​មេរោគជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងនៅក្រុងវូហាន។ ចិនបានឆ្លើយតបវិញ ដោយ​ការហាមឃាត់ និងដំឡើងពន្ធនាំចូល លើទំនិញរបស់អូស្ត្រាលី ដែលមានដូចជាស្រូវសាឡី សាច់គោ ស្រាទំពាំងបាយជូរ និង​ធ្យូងថ្ម ធ្វើឲ្យ​អូស្ត្រាលីខាតបង់ប្រាក់ច្រើនពាន់​លានដុល្លារ​។​

ក្រោយការចូលកាន់អំណាច របស់​លោកអង់តូនី អាល់បានេស កាលពីខែឧសភាឆ្នាំ​២០២២ រដ្ឋាភិបាល​អូស្ត្រាលី បានព្យាយាម​ច្រើន​ ក្នុងការស្តារទំនាក់ទំនងជាមួយចិន។ លោក អាល់បានេស បានជួប​និយាយជាមួយលោក​ស៊ី ជីនពីង ក្នុងឱកាសជំនួបកំពូលG20 នៅឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា​ឆ្នាំមុន។ ក្រោយជំនួបនេះ ចិនបាន​យល់ព្រមដកចេញខ្លះនូវរនាំងពាណិជ្ជកម្ម ដោយ​បានព្រមទិញធ្យូងថ្ម​អូស្រ្តាលីវិញ បន្ធូរពន្ធលើ​ស្រូវសាឡី និងស្រាទំពាំងបាយជូរអូស្ត្រាលី។

ថ្វីបើអ្វីៗហាក់ឈានទៅល្អប្រសើរ នៅលើវិស័យជំនួញពាណិជ្ជកម្ម តែ​បញ្ហានៅតែមានលើវិស័យផ្សេងទៀត រវាងចិននិងអូស្ត្រាលី ជាក់ស្តែងវិស័យ​ភូមិសាស្ត្រនយោបាយ​។ សកម្មភាពវាតទីរបស់ចិន នៅក្នុង​តំបន់សមុទ្រចិនខាងត្បូង និង​នៅតាម​ប្រទេសកូនកោះតំបន់​ប៉ាស៊ីហ្វិកខាងត្បូង គឺជាការបារម្ភធំរបស់​អូស្ត្រាលី​។​ សម្រាប់អូស្ត្រាលី តំបន់សមុទ្រចិនខាងត្បូង គឺជាច្រកផ្លូវនាំចេញទំនិញរបស់ខ្លួន ឆ្ពោះទៅ​កាន់ជប៉ុន តៃវ៉ាន់ និង​កូរ៉េខាងត្បូង​។ ដោយឡែក ចិនវិញ បាន​បង្ហាញ​ការ​មិនពេញចិត្តខ្លាំង ដែលឃើញអូស្ត្រាលីចូលរួមក្នុងសម្ព័ន្ធភាព AUKUS ជាមួយអាមេរិកនិងអង់គ្លេស។

ថ្លែងប្រាប់អ្នកកាសែត នៅថ្ងៃចន្ទ ក្រោយ​ចូលជួបលោក​ប្រធានាធិបតីចិន លោកអង់តូនី អាល់បានេស ​បាន​លើកឡើងថា លោកជឿថាមានចំណុចវិជ្ជមានច្រើន ទាក់ទិននឹងការល្អប្រសើរឡើង ក្នុងទំនាក់ទំនងរវាងចិននិងអូស្ត្រាលី​។ លោក​បានគូសបញ្ជាក់ទៀតថា អូស្ត្រាលី​ត្រូវតែ​សហការជាមួយចិន នៅត្រង់វិស័យណា​ដែលអាចសហការបាន​។ តែចំណុចណាដែលអូស្រ្តាលី ត្រូវ​ជំទាស់នឹងចិន គឺអូស្ត្រាលីមិនខ្លាចនឹងធ្វើទេ ដើម្បីការពារ​ផល​ប្រយោជន៍ជាតិ​។

ផ្អែកតាមការវិភាគរបស់​លោក Yun Sun អ្នកស្រាវជ្រាវនៅ Stimson Center ក្រុងវ៉ាស៊ីនតោន គឺ​តាមរយៈទស្សនកិច្ច​ទៅចិន របស់​លោក​អង់តូនី អាល់បានេស នាពេលនេះ​ ភាគីចិន​ចង់ឲ្យគ្រប់គ្នាឃើញថា អូស្ត្រាលីដឹងខុស ហើយសុខចិត្ត​ឱនលំទោនដាក់ចិន​​ ដើម្បី​ស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយមហាយក្ស​​ចិនឡើងវិញ៕​

Theme images by Radius Images. Powered by Blogger.