ការផ្ដល់សេវាច្រកចេញចូលតែមួយ នៅខេត្តព្រះវិហារ៖ ៩ខែ ដើមឆ្នាំ រួមទាំងក្នុងស្ថានភាពជម្លោះព្រំដែន!


 ខុសពីបណ្ដារាជធានី-ខេត្តផ្សេងៗទៀត ការប្រព្រឹត្តទៅ នៃសេវាច្រកចេញចូលតែមួយ នៅក្នុងខេត្តព្រះវិហារ នារយៈពេល៩ខែដើមឆ្នាំ២០២៥ បានជួបភាពរអាក់រអួលខ្លះៗ ក្នុងអំឡុងពេលកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ។ យ៉ាងណាក៏ដោយ ក្នុងស្ថានភាពនេះ មន្ត្រីច្រកចេញចូលតែមួយ ចាប់ពីថ្នាក់ខេត្ត រហូតដល់ឃុំ-សង្កាត់ នៃខេត្តជាប់ព្រំដែនមួយនេះ បានបន្តទទួលការជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈគាំទ្រគ្រប់បែបយ៉ាង ពីអភិបាលខេត្ត ដើម្បីធានាផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងអស់ពីលទ្ធភាព។ 


ជាក់ស្ដែង ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះវិហារ បានបន្តបម្រើសេវាជូនពលរដ្ឋចំនួន ៤.២៧២សេវា។ សេវានេះទទួលបានចំណូល ៥០៩.៥៤០.២៦០រៀល។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះវិហារ សេវាមានពលរដ្ឋស្នើសុំច្រើនជាងគេមានវិស័យ កសិកម្មរុក្ខាប្រមាញ់ និងនេសាទមានចំនួន១.៦២០សេវា វិស័យសាធារណៈការ និងដឹកជញ្ជូនមានចំនួន១.៣៦១សេវា វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានចំនួន៧៧២សេវា និងវិស័យនីត្យានុកូលកម្មមានចំនួន៣៥៤សេវា។ 


ទន្ទឹមនេះ ក្នុងរបាយការណ៍ដែលរដ្ឋបាលខេត្តព្រះវិហារបានផ្ដល់មកកាន់ផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា សម្រាប់ច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ទាំង៨របស់ខេត្តព្រះវិហារនោះ មន្ត្រីបានផ្តល់សេវាជូនពលរដ្ឋចំនួន៣០.៨៥៩សេវា ទទួលបានចំណូល ៦៦.៥៨៧.០០០ រៀល។ ខណៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ទាំង៥១ នៃខេត្តព្រះវិហារបានផ្ដល់សេវាជូនពលរដ្ឋសរុបចំនួន៣១.៤២៥សេវា ទទួលបានចំណូលសរុប ៣០.៨៨៤.០០០ រៀល។ 


ជុំវិញការផ្តល់សេវា ច្រកចេញតែមួយនៅខេត្តព្រះវិហារនេះដែរ ក្នុងចន្លោះពេលសង្គ្រាមឈ្លានពានបង្កដោយភាគីថៃ រដ្ឋបាលស្រុកជាំក្សាន្ត និងរដ្ឋបាលឃុំចំនួន៧ ត្រូវបានលើកលែង និងផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ទើបដំណើរការផ្តល់សេវាឡើងវិញ។ ទោះជាយ៉ាងក៏ដោយ ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំដែលមាន ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត តែងបានផ្តល់ការណែនាំដល់អង្គភាពច្រកចេញចូលតែមួយ មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភាពសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព ស្របតាមគោលការណ៍នៃការផ្តល់សេវារដ្ឋបាល។ 


សូមបញ្ជាក់ថា ដើម្បីការពង្រឹងយន្តការច្រកចេញចូលតែមួយក្រុង-ស្រុក រដ្ឋបាលខេត្តព្រះវិហារ បានគ្រោងថវិកាឆ្នាំ២០២៥ សម្រាប់សាងសង់អគារការិយាល័យច្រកចេញចូលតែមួយ នៅក្នុងស្រុកចំនួន៣បន្ថែមទៀត ដើម្បីឱ្យក្រុង ស្រុកទាំង៨ មានការិយាល័យច្រកចេញចូលតែមួយគ្រប់គោលដៅក្នុងការផ្តល់សេវាជូនពលរដ្ឋរបស់ខ្លួន។ ការសាងសង់អគារទាំង៣ នឹងដាក់ឱ្យដំណើរការផ្តល់សេវានៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមរបាយការណ៍រដ្ឋបាលខេត្តព្រះវិហារដដែល៕ 


ដោយ សេង បូលីន


Theme images by Radius Images. Powered by Blogger.