ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះ MOU រវាងអគ្គស្នងការនគរបាល
កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Cho Hyun បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-កូរ៉េ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្ក្រាបបទល្មើសដែលកើតមាននៅកម្ពុជា និងកូរ៉េ រួមទាំងនៅបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះក៏មានការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមអភិសនិ្តបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នារយៈពេលកន្លងមក បានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម Cho Hyun រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម អភិសន្តិបណ្ឌិត ដែលបានទទួលជួបពិភាក្សាប្រកបដោយមិត្តភាព។
ប្រមុខការទូតកូរ៉េ ក៏បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ទំនាក់ទំនងរវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជាលំដាប់ បង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការនានា ដែលស្ថាប័នទាំងពីរ បានផ្តួចផ្តើម ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ ដែលត្រូវបានឯកភាពពីសំណាក់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយសង្ឃឹមយ៉ាងជឿជាក់ថា ប្រទេសទាំងពីរ នឹងត្រូវបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំ ក្រោយជំនួបពិភាក្សានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម Cho Hyun បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ស្តីពី”ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ”។


.jpg)


.jpg)

.jpg)



Post a Comment