ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ សមាជិកព្រឹទ្ធសភា ត្រូវខិតខំគ្រប់គ្នា និងរួមគ្នា ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ដោយមិនប្រកាន់គណបក្សនយោបាយ

 

នារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីសកម្មភាពការងារ ពិសេសបញ្ហាប្រឈម និងសំណូមពរ ដែលសមាជិកព្រឹទ្ធសភាបានជួបនៅតាមភូមិភាគនីមួយៗ ក្នុងចន្លោះសម័យប្រជុំលើទី៤ និងលើកទី៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សមាជិកព្រឹទ្ធសភា មកពីគ្រប់គណបក្សនយោបាយឱ្យខិតខំធ្វើការទាំងអស់គ្នា និងធ្វើការរួមគ្នា ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីសុខសន្តិភាព និងវិបុលភាពរបស់ប្រទេសជាតិ និងប្រជាជាតិខ្មែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់សមាជិកព្រឹទ្ធសភា ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា ការអនុវត្តនានាគឺប្រកបដោយតម្លាភាព និងផ្ដល់នូវឧត្តមប្រយោជន៍ដល់ប្រជាជន។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ពិសេសបញ្ហាបណ្តាលមកពីសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបណ្ដាលឱ្យតម្លៃថាមពលកើនឡើង ឯកឧត្តមបណ្ឌិត អនុប្រធានទី២ បានរំលឹកជូនសមាជិកព្រឹទ្ធសភានៅតាមភូមិភាគ ជួយណែនាំ និងជំរុញស្មារតីសន្សំសំចៃការប្រើប្រាស់ថាមពល និងត្រូវចូលរួមលើកកំពស់សកម្មភាពសេដ្ឋកិច្ចឱ្យមានការប្រកួតប្រជែង នៅតាមភូមិភាគរៀងៗខ្លួន។


ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា

រូបភាព៖ នាយកដ្ឋានព័ត៌មាន






Theme images by Radius Images. Powered by Blogger.