ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ត្រូវធ្វើការងារសង្គម និងត្រូវចេះបកស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅមិត្តបរទេស ឈរលើមូលដ្ឋានភាពត្រឹមត្រូវ និងផលប្រយោជន៍របស់កម្ពុជា
រសៀលថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខុទ្ទកាល័យឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៅសាលប្រជុំពិសេស៣ នៃវិមានព្រឹទ្ធសភា ដោយសម្រេចបានលទ្ធផល មានដូចខាងក្រោម៖-ការងារនីតិកម្ម៖ បានចូលរួមសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានបញ្ជូនទៅរដ្ឋសភា ព្រមទាំងបានកសាងឯកសារស្រាវជ្រាវពីប្រព័ន្ធជ្រើសតាំងសមាជិកសភាជាន់ខ្ពស់នៅបណ្តាប្រទេសលើពិភពលោកចំនួន ២ ឯកសារ ដែលអាចបោះពុម្ពផ្សព្វផ្សាយឆាប់ៗនាពេលខាងមុខ។
-ជំរុញផលិតកម្ម និងគាំទ្រផលិតផលខ្មែរ៖ បានជំរុញនិងគាំទ្រផលិតផល «ទឹកដោះចន្ទីខ្មែរ» ដែលជាការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដើម្បីជំនួសកង្វះទឹកដោះគោ នៅក្នុងទីផ្សារកម្ពុជា និងគាំទ្រសមាគមកាហ្វេកម្ពុជា នឹងបន្តជំរុញឱ្យបង្កើតសមាគមកាកាវកម្ពុជា នាពេលខាងមុខ ដើម្បីបង្កើនការដាំដុះ ដំណាំដែលមានតម្លៃខ្ពស់នេះ។
-ជំរុញការអប់រំកុមារ៖ បានបន្តជំរុញការសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៅតាមជនបទដាច់ស្រយាល ដោយមានបំពាក់ទូរទស្សន៍ភ្ជាប់អ៊ីនធឺណិត ដើម្បីឱ្យកុមារសិក្សាតាម Online និង YouTube។
-ការងារសង្គម និងមនុស្សធម៌៖ កម្មវិធីគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋ ចែកអំណោយដល់ប្រជាជនភៀសសឹក នៅតាមបណ្តោយព្រំដែន និងតាមខេត្តមួយចំនួន។
នៅក្នុងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា មិនត្រឹមតែធ្វើសកម្មភាពមនុស្សធម៌នៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមពន្យល់បកស្រាយអំពីស្ថានភាពកម្ពុជា-ថៃ ដោយផ្ទាល់ជាមួយមិត្តបរទេស និងប្រយោលតាមបណ្តាញផ្សព្វផ្សាយនានា។
សម្រាប់ការងារឆ្នាំ២០២៦ ខុទ្ទកាល័យនឹងត្រូវផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-គណនេយ្យភាព៖ មុខងារនីតិកម្ម តំណាង និងតាមដានការអនុត្តច្បាប់។
២-ការទូតសភា៖ ចូលរួមវេទិកាជាតិអន្តរជាតិ ធ្វើការជាមួយមិត្តបរទេស និងធ្វើការជាមួយអ្នកកាសែតដើម្បីផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា។
៣-អភិវឌ្ឍស្ថាប័ន៖ បន្តកសាងសមត្ថភាពទាំងខ្លួនឯង និងអ្នកជុំវិញខ្លួនឱ្យសិក្សាបានសញ្ញាប័ត្រកាន់តែខ្ពស់ បន្តស្រាវជ្រាវ និងកសាងផលិតផលខ្មែរនៅលើទីផ្សារ និងត្រូវដឹកនាំក្រុមស្រាវជ្រាវសរសេរជាឯកសារស្រាវជ្រាវ ដើម្បីផ្សព្វផ្សាយបន្តសម្រាប់និស្សិត ឬអ្នកស្រាវជ្រាវ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
សម្រួលខ្លឹមសារ, រូបភាព៖ នាយកដ្ឋានព័ត៌មាន











Post a Comment