ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ!


 នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ 

ទីតាំងសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន៖  ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (ទិដ្ឋាការចេញ បញ្ជរបែបបទចេញ និង Smart Gate) ទីតាំងច្រកអាទិភាព (Fast Track) ទីតាំងអាហាដ្ឋាន (Premium Loung & Food Court) និងបន្ទប់សេនាការរបស់ប៉ុស្តិ៍ច្រកទ្វារ និងបន្ទប់ CCTV កន្លែងបំពេញបែបបទចេញពីប្រទេសរបស់អ្នកដំណើរ ឆ្លងកាត់តាមបញ្ជរ និង Smart Gate ព្រមទាំងពិនិត្យការអនុវត្តការងារ របស់មន្ត្រី និងស្ថានភាព អ្នកដំណើរតាមរយៈ កាមេរ៉ា CCTV។ 

ក្រៅពីទីតាំងស្ថានីយចេញដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តអញ្ជើញពិនិត្យស្ថានីយ៍អ្នកដំណើរមកដល់ មានជាអាទិ៍ ទីតាំងបំពេញសលាកបត្រអេឡិចត្រូនិចចូល ព្រះរាជាណាចក្រកម្ពុជា (CeA) ទីតាំងផ្តល់ទិដ្ឋាការពេលមកដល់ ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (បញ្ជរបែបបទចូល និង Smart Gate) និងទីតាំង យកអីវ៉ាន់/វាលី។ ឯកឧត្តម ក៏បានពិនិត្យដំណើរការនៃការបំពេញ CeA ដំណើរការនៃការផ្តល់ទិដ្ឋាការ ដំណើរការនៃ ការបំពេញបែបបទចូលប្រទេសរបស់អ្នកដំណើរឆ្លងកាត់តាមបញ្ជរ និងSmart Gate ព្រមទាំងស្ថានីយប្រតិភូជាន់ខ្ពស់ (VIP)  ។ 

ក្នុងឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍កោតសរសើរ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទាំងឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាពិសេសឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ដែលបានរៀបចំការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។ 

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដី ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ គ្រោងនឹងបើកឱ្យប្រតិបត្តិការនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា៕ 

ដោយលោក សេង បូលីន

👉Website: http://www.kpostnews.com.kh/                      

 👉Website: http://www.kpostnews.com/

👉Facebook:​ https://www.facebook.com/share/12GyV1ispz2/

👉TikTok:  https://www.tiktok.com/@kpost.news?_t=ZS-8ufhVck58Vj&_r=1

👉Telegram: https://t.me/kpostnews












Theme images by Radius Images. Powered by Blogger.