ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពង្រីកការវិនយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះភាពលេចធ្លោរនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ក្នុងឱកាសអនុញ្ញាតជូនលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួលដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវនិងស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុន បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១ មក។
ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបរិចាគប្រាក់ ចំនួន ១លាន ៣សែនដុល្លារ ដល់រាជរដ្ឋាភិបាល និងកាក្របាទក្រហមកម្ពុជា និងចូលរួមគាំទ្រថវិកាដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជា។
ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សក្ដានុពលនៃច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើវិមជ្ឈការផ្ទេរសិទ្ធិសម្រេចគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្ដល់ឱកាសពង្រីកសក្ដានុពលទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើក្រុមហ៊ុនចិនចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់សាធារណជនចិន និងពិភពលោកផងដែរ។
Post a Comment