ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការសាកល្បងចុះបញ្ជីកំណើតទារក តាមប្រព័ន្ធបច្ចេកវិទ្យា ជាដំណើរឈានទៅរៀបចំការធ្វើអត្តសញ្ញាណបណ្ណតាមប្រព័ន្ធឌីជីថល និងជួយបញ្ចប់ការខុសឈ្មោះ ឬទិន្ន័យផ្សេងៗរបស់បុគ្គល
បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នក្រសួងហាផ្ទៃ និងក្រសួងសុខាភិបាល បាន និងកំពុងសហការគ្នា អនុវត្តសាកល្បងនូវការចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ។ ការសាកល្បងនេះ ជាជំហានថ្មីមួយទៀតនៃកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈបច្ចុប្បន្នការចុះបញ្ជីកំណើតទារកជាទូទៅ បាននិងកំពុងអនុវត្តតាមយន្តការប្រពៃណី ឬចុះដោយដៃលើទម្រង់ក្រដាស។នាឱកាសអញ្ជើញជាអធិបតី នៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តជម្ពូវណ្ណរាមក្បាលទន្សោង ស្ថិតក្នុងភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពន្យល់ងាយៗទៅកាន់ប្រជាពលរដ្ឋ និងអង្គពិធីថា នៅពេលទារក ត្រូវបានចុះបញ្ជីក្នុងប្រព័ន្ធឌីជីថល គឺទិន្នន័យនោះ នឹងត្រូវបញ្ជូនភ្លាមៗទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដើម្បីចេញលេខកូដអត្តសញ្ញាណទារកសម្រាប់ប្រើប្រាស់តាមតម្រូវការ ចាប់ពីពេលចុះបញ្ជីរហូតដល់មរណភាព។
Post a Comment