លោក គង់ ថារិទ្ធ៖ «២៥ឆ្នាំមុន ស្មៀនកម្សត់បន្តិច តែមានពេលដើរលេងខ្លះ តែស្មៀន សម័យនេះ ការងារស្មុគរត់សឹងមិនទាន់!»
ជាការងារដំបូងបន្ទាប់ពីប្រឡងជាប់ លោក គង់ ថារិទ្ធ បានចូលធ្វើស្មៀននៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០១ ដោយទទួលបានប្រាក់ខែ៤ម៉ឺនរៀល បន្ទាប់ពីទទួលការបណ្តុះបណ្តាល ពីសាលារាជធានីភ្នំពេញ រយៈពេលមួយខែ។ រៀនមួយខែ លោក គង់ ថារិទ្ធ អះអាង កាលណោះ គ្រូបានបង្រៀនគោលៗប៉ុណ្ណោះ លើការងារជាអាទិ៍ ការរៀបចំរបាយការណ៍ ការរៀបចំកិច្ចប្រជុំ និងការងារមួយចំនួនទៀត ដោយការងារខ្លះលោកសម្គាល់ថា វាខុសគ្នាទាំងស្រុងនឹងមេរៀននៅសាលា។
យ៉ាងណាក៏ដោយ ធ្វើការផង រៀនផង គឺជាផ្លូវដែលលោក គង់ ថារិទ្ធ ប្រកាន់យក។ ថ្លែងប្រាប់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក គង់ ថារិទ្ធ រម្លឹកថា បញ្ហាប្រឈមនាជំនាន់នោះ គឺការងារបច្ចេកទេស និងការសម្របខ្លួនជាមួយថ្នាក់ដឹកនាំសង្កាត់ ដែលអំឡុងពេលនោះ ក៏កំពុងមានភាពតានតឹងខាងនយោបាយក្នុងដំណើរឆ្ពោះទៅរៀបចំការបោះឆ្នោតឃុំ សង្កាត់ ជាលើកដំបូង ស្របពេលខ្លួនជាមន្រ្តីបច្ចេកទេសសុទ្ធសាធ។
លោកបន្ថែមថា «កាលណោះ គ្មានសម្ភារៈគ្រប់គ្រាន់ដូចសម័យបច្ចុប្បន្នឡើយ រាល់ការកត់ត្រា សំណៅឯកសារ ឬក្រដាស់ស្នាមផ្សេងៗ គឺប្រើដៃសរសេរសុទ្ធសាធ។ ការប្រាស្រ័យទាក់ទងជាមួយមេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏មានផលវិបាកខ្លាំងដោយសារគ្មានប្រព័ន្ធទំនាក់ទំនងគ្រប់គ្រាន់»។ យ៉ាងណាក៏ដោយ លោកអះអាងថា ការងារស្មៀននាដើមគ្រានោះ មិនច្រើនដូចស្មៀនសម័យនេះទេ សម័យខ្ញុំធ្វើស្មៀនអាចមានពេលដើរលេងខ្លះ។
លោកបានបន្តថា«កាលហ្នុង យូរៗទើបមានពលរដ្ឋមកសុំលិខិតស្នាមម្ដង ហើយសំណើរឯកសារគាត់ មិនសូវមានភាពសាំញាំច្រើនទេ ភាគច្រើនបញ្ជាក់ប្រវត្តិរូបធ្វើការ ឬបញ្ជាក់ទីលំនៅបន្តិចបន្តួច ជារួមកាលណោះ តម្រូវការពលរដ្ឋលើលិខិតស្នាមមានតិចណាស់។ ដោយឡែក បើខ្ញុំមិនស្គាល់ពលរដ្ឋច្បាស់ទេ កាលណោះបានមេភូមិជួយបញ្ជាក់។ ក្រៅពីនេះ គឺទំនាក់ទំនងឯកសាជាមួយសាលាខណ្ឌ និងការសម្របសម្រួលការងារផ្ទៃក្នុងសង្កាត់»។
ក្នុងចំណោមបទពិសោធន៍ធ្វើស្មៀន មានរឿងមួយដែលលោក គង់ ថារិទ្ធ ចងចាំបំផុត ដោយសារវាបានបន្សល់បញ្ហាមកដល់បច្ចុប្បន្ន។ លោករំលឹកទៀតថា«គឺយុទ្ធនាការចុះបញ្ជីអត្រានូកូលដ្ឋានឡើងវិញទូទាំងប្រទេស។ ឧទាហរណ៍ ជាធម្មតា ស្មៀនមានលទ្ធភាពចុះបញ្ជីកំណើត ជូនពលរដ្ឋជាមធ្យមបាន៣នាក់ ត្រូវជា៩ឯកសារ ដោយសារបញ្ជីម្នាក់ មានគល់បញ្ជី២ និង១ទៀតជូនទៅសាមីខ្លួន។ ប៉ុន្តែនៅឆ្នាំ២០០៤ យើងត្រូវចុះមួយថ្ងៃតិចបំផុត៥០នាក់»។
ហេតុអ្វីបានជាការងារនោះ ធ្វើឱ្យលោកស្មៀន ចងចាំ? លោកបញ្ជាក់ទៀតថា«ពេលនោះ យើងគ្មានវិធីអ្វីក្រៅតែពីរកសិស្សថ្នាក់ទី១១ ឬ១២ គ្រូបង្រៀន និងមេភូមិ ឱ្យមកជួយសរសេរ។ ករណីនេះហើយដែលវាបង្កើតបញ្ហាដល់សព្វថ្ងៃ គឺកំហុសដោយអចេតនាក្នុងការសរសេរទិន្នន័យសំបុត្រកំណើត ពេលខ្លះខុសអក្ខរាវិរុទ្ធ ពេលខ្លះខុសគល់បញ្ជី»។ លោកហ៊ានអះអាងថា ស្មៀនជំនាន់នោះ ភាគច្រើនឆ្លងកាត់រឿងនេះ ហើយវាក៏មិនមែនកំហុសពួកលោកទាំងស្រុងនោះដែរ។
គួរកត់សម្គាល់ថា ព្រោះតែបញ្ហានោះហើយ ទើបក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសេនាធិការ បានអនុវត្តនីតិវិធីទទួលកែតម្រូវទិន្នន័យលិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ទាំងកំហុសអក្ខរាវិរុទ្ធ និងកំហុសគល់បញ្ជី ដោយបើសិនជាកំហុសក្នុងឆ្នាំនៃការធ្វើលិខិតអត្រានុកូលដ្ឋាន ប្រជាពលរដ្ឋអាចកែបាននៅត្រឹមថ្នាក់ឃុំ សង្កាត់ និងបើសិនឆ្លងឆ្នាំប្រជាពលរដ្ឋអាចកែបាននៅសាលាក្រុង ស្រុក ខណ្ឌ ឬក៏អញ្ជើញទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីធ្វើការកែតម្រូវ។
ត្រឡប់ទៅមើលការងារស្មៀន លោក គង់ ថារិទ្ធ បានបន្តថា ដ្បិតតែការងារស្មៀននាសម័យលោក ទទួលបានប្រាក់បៀវត្សត្រឹមតែ៤ម៉ឺនរៀលក៏ដោយ ក៏លោក រួមទាំងស្មៀនផ្សេងទៀត បានធ្វើការងារនោះយ៉ាងសកម្ម តាមទស្សនៈធ្វើអ្វីដែលអាចធ្វើបាន ទោះជាខ្វះមធ្យោបាយ សម្ភារៈ ព្រមទាំងឯកសាររដ្ឋបាលរបស់ប្រជាជន មានភាពស្មុគស្មាញបែបណាក៏ដោយ។ លោកបន្ថែមថា«ជារួមយើងស្រលាញ់ការងារ ហើយមកដល់ពេលនេះ ទោះខ្ញុំមកធ្វើជានាយករងរដ្ឋបាលខណ្ឌក៏ដោយ ក៏ខ្ញុំនៅតែនឹករលឹកការងារគ្រានោះ ដែលយើងបានរួមចំណែកកសាងមូលដ្ឋាន បម្រើប្រជាជន តាំងពីពេលឃុំ សង្កាត់ ចាប់ផ្ដើមមានស្មៀនជាផ្លូវការ និងមានការបោះឆ្នោតឃុំ សង្កាត់ ជាប្រវត្តិសាស្រ្ត។
បើធៀបនឹងស្មៀនសម័យបច្ចុប្បន្ន លោកបានវាយតម្លៃបានថា ខុសគ្នាឆ្ងាយណាស់។ ស្មៀនសម័យនេះ ប្រាក់ខែច្រើនជាងមុន មានសម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលគ្រប់គ្រាន់ មានទាំងជំនួយការទៀត និងកំពុងធ្វើការងារក្នុងសង្គមមួយដែលមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ មានការយល់ដឹងច្រើន។ ក៏ប៉ុន្តែលោកក៏មើលឃើញដែរថា ស្មៀនបច្ចុប្បន្ន ទទួលរ៉ាប់រងការងារច្រើនរហូតធ្វើសឹងមិនទាន់ឡើយ ដោយសារតម្រូវការពលរដ្ឋមានច្រើន ការងារថ្នាក់ជាតិផ្ទេរមកឃុំ សង្កាត់ ក៏មានច្រើន។
ពាក់ព័ន្ធនឹងការងារស្មៀន លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាក្នុងរយៈពេល២៥ឆ្នាំមកនេះ ឃុំ សង្កាត់ បានឆ្លងកាត់ស្មៀនមិនតិចជាង២ទៅ៣នាក់ទេ។ លោកវាយតម្លៃថា ស្មៀនឃុំ សង្កាត់ បានខិតខំបំពេញការងារប្រកបដោយការលះបង់ខ្ពស់ណាស់ ទាំងពេលដើមគ្រាដំបូង និងជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យមេឃុំ ចៅសង្កាត់
Post a Comment